ប្រជាពលរដ្ឋក្នុងឃុំដារ ស្រុកមេមត់ បានកត់សម្គាល់ថា ចាប់តាំងពីឈ្មោះ ហេង និងឈ្មោះ លឹម បើកសង្វៀនបញ្ជល់មាន់និងវង់យូគីអាប៉ោងនៅចំណុចច្រកដូង៧ដើម ឃុំដារ ស្រុកមេមត់ គឺបទល្មើសផ្សេងៗ ជាពិសេសអំពើចោរកម្មកើតឡើងគួរឲ្យភ័យខ្លាច ហើយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តត្បូងឃ្មុំ មិនបង្ក្រាបល្បែងស៊ីសងទាល់តែសោះ។ ប្រភពខ្លះបានលើកឡើងថា សង្វៀនបញ្ជល់មាន់និងវង់យូគីអាប៉ោងនៅច្រកដូង៧ដើម ឃុំដារ ជាប្រភពចំណូលរបស់មន្ត្រីធំៗមួយចំនួនក្នុងខេត្តត្បូងឃ្មុំ ក្នុងនោះមានទាំងមន្ត្រីក្នុងជួរគណៈអភិបាលខេត្ត ក៏ដូចជាមន្ត្រីនគរបាលនិងមន្ត្រីអាវុធហត្ថផងដែរ។ ដូច្នេះមានតែថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទើបអាចចាត់វិធានការបង្ក្រាបល្បែងស៊ីសងនៅចំណុចច្រកដូង៧ដើម ឃុំដារ ស្រុកមេមត់ ប្រកបដោយប្រសិទ្ធភាព។ប្រភពពីប្រជាពលរដ្ឋនៅភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្នសង្វៀនបញ្ជល់មាន់និងល្បែងយូគីអាប៉ោងនៅចំណុចច្រកដូង៧ដើម កំពុងដំណើរការយ៉ាងរលូនដោយគ្មានមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចាត់វិធានការទប់ស្កាត់ឡើយ។ ប្រភពពីប្រជាពលរដ្ឋក្នុងឃុំដារ បានប្រាប់ឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតនិងបើកដៃពីសំណាក់អធិការនគរបាលស្រុកមេមត់ និងអភិបាលស្រុកមេមត់ទេនោះ គឺគ្មាននរណាអាចបើកសង្វៀនបញ្ជល់មាន់និងវង់អាប៉ោងយូគីនៅចំណុចច្រកដូង៧ដើម យ៉ាងរាលដាលដូចសព្វថ្ងៃនេះទេ។ ចំណែកលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជៀម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ បានរក្សាភាពស្ងៀមស្ងាត់ និងទុកឲ្យល្បែងស៊ីសងនៅចំណុចដូង៧ដើម ឃុំដារ ស្រុកមេមត់ ដំណើរការយ៉ាងរលូនធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម។ប្រភពពីអ្នកធ្លាប់ចូលទៅក្នុងទីតាំងសង្វៀនបញ្ជល់មាន់ និងវង់យូគីអាប៉ោងនៅចំណុចច្រកដូង៧ដើម បានឲ្យដឹងថា អ្នកបើកល្បែងស៊ីសងមានឈ្មោះ ហេង និងឈ្មោះ លឹម ហើយបុគ្គល២នាក់នេះមានខ្នងបង្អែកយ៉ាងរឹងមាំនៅក្នុងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។ ប្រភពព័ត៌មានបានឲ្យដឹងទៀតថា មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឃុំដារ និងស្រុកមេមត់ មិនហ៊ានប៉ះពាល់អ្នកបើកល្បែងស៊ីសងឈ្មោះ ហេង និងឈ្មោះ លឹម នោះទេ ហើយសម្ងំទទួលផលប្រយោជន៍ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងនៅចំណុចច្រកដូង៧ដើម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាបន្ទាន់ដើម្បីឲ្យស្របតាមគោលយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច។ ដោយហេតុថា លោក ជៀម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ កំពុងសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់នោះ។ជុំវិញបញ្ហាខាងលេីនេះ អង្គភាពយេីងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក ជៀម ច័ន្ទសោភ័ណ បាននៅឡេីយទេ ព្រោះពំុមានលេខទូរស័ព្ទ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា