ប្រធានបទសំខាន់ៗនៃជំនួបនេះ រួមមានកិច្ចសហប្រតិបត្តិការទូទៅនៅក្នុងតំបន់ ក្របខណ្ឌនៃជំនួយរបស់ប្រទេសអូស្ត្រាលីទៅលើក្របខណ្ឌនៃគណនេយ្យភាពសង្គម និងអំពីកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់កម្ពុជា និងអូស្ត្រាលី ព្រមទាំងការជួយគាំទ្រដល់កម្លាំងអនុវត្តច្បាប់កម្ពុជាក្នុងការត្រៀមបើកព្រំដែនឡើងវិញ។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាទូទៅនៅក្នុងតំបន់ ឯកឧត្តមឯកអគ្គរាជទូតអូស្ត្រាលីបានជម្រាបជូនសម្ដេចអំពីភាពជាដៃគូសន្តិសុខត្រីភាគីដែលមានអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដោយឯកឧត្តមបានជម្រាបជូនសម្ដេចថាក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការត្រីភាគីនេះធ្វើឡើងដោយមិនមានចេតនាណាមួយក្នុងការបង្កនូវហានិភ័យ ឬអសន្តិសុខនៅក្នុងតំបន់នោះទេ គឺធ្វើឡើងនៅក្រោមហេតុផលសន្តិភាព និងផ្អែកលើតម្រូវការរបស់ភាគីប្រទេសអូស្ត្រាលីតែប៉ុណ្ណោះ។ចំពោះចំណុចនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូតថាសម្ដេចសូមថ្លែងអំណរគុណដល់ឯកឧត្តមដែលបានជម្រាបជូនអំពីកិច្ចការនេះ ហើយសម្ដេចក៏បានបញ្ជាក់ជូនដែរថាសម្រាប់ជំហរកម្ពុជាគឺបានបង្ហាញរួចមកហើយតាមរយៈក្រសួងការបរទេសរបស់កម្ពុជាពាក់ព័ន្ធនឹងភាពជាដៃគូសន្តិសុខត្រីភាគីនេះ។ ពាក់ព័ន្ធនឹងក្របខណ្ឌនៃគណនេយ្យភាពសង្គម ឯកឧត្តមឯកអគ្គរាជទូតបានជម្រាបជូនសម្ដេចក្រឡាហោមថាក្នុងរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២១នេះតទៅ រដ្ឋាភិបាលអូស្ត្រាលីបានផ្ដល់ជំនួយថវិកាប្រមាណ១៥លានដុល្លាអូស្ត្រាលីសម្រាប់អនុវត្តគម្រោងនៃក្របខណ្ឌគណនេយ្យភាពសង្គម ដែលជំនួយនេះបានផ្ដល់ជូនតាមរយៈធនាគារពិភពលោក។ សម្ដេចក្រឡាហោមបានថ្លែងអំណរគុណរដ្ឋាភិបាលអូស្ត្រាលី តាមរយៈឯកឧត្តមឯកអគ្គរាជទូត ហើយសម្ដេចបង្ហាញជំនឿជាក់ថាការផ្ដល់ជំនួយនេះក៏ជាផ្នែកមួយរួមចំណែកដល់ការអនុវត្តកម្មវិធីជាតិ១០ឆ្នាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តដំណើរការការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការផងដែរ។ ភ្ជាប់ទៅនឹងចំណុចខាងលើនេះ សម្ដេចក៏បានជម្រាបជូននូវបច្ចុប្បន្នភាពមួយចំនួនពាក់ព័ន្ធនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដោយសម្ដេចបានជម្រាបជូនថាមកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជានៅតែមានការប្ដេជ្ញាចិត្តខ្ពស់លើការងារកំណែទម្រង់នេះ ដោយបានរៀបចំនូវផែនការជាតិរយៈពេល១០ឆ្នាំបន្តទៀត ចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០៣០។ សម្ដេចបន្តថាក្នុងរយៈកាលកន្លងមកនេះ រាជរដ្ឋាភិបាលក៏បានសម្រេចផ្ទេរការគ្រប់គ្រងវិស័យសុខាភិបាលទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយថាការផ្ទេរមុខងារនេះបានរួមចំណែកធ្វើឱ្យការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជាទទួលបានប្រសិទ្ធភាពផងដែរ។ចំពោះបញ្ហានៃកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់ប្រទេសទាំងពីរវិញ ឯកឧត្តមឯកអគ្គរាជទូតបានជម្រាបជូនសម្ដេចថាទោះបីជាកម្ពុជាបានប្រឈមនឹងស្ថានភាពជំងឺកូវីដ-១៩ ប៉ុន្តែឯកឧត្តមសូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អនេះ ក្នុងនោះកម្មវិធីមួយចំនួននៅតែបន្តអនុវត្តដូចជាការបណ្ដុះបណ្ដាល ការកសាងសមត្ថភាព និងកិច្ចសហប្រតិបត្តិការស្រាវជ្រាវបង្ក្រាបបទល្មើសមួយចំនួនក៏នៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងសកម្ម។ ឯកឧត្តមក៏បានជម្រាបជូបសម្ដេចដែរថាស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាត្រៀមនូវដំណើរការបើកព្រំដែនឡើងវិញ ភាគីអូស្ត្រាលីក៏រៀបចំកម្មវិធីបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពជូនដល់កងកម្លាំងអនុវត្តច្បាប់ ជាពិសេសមន្ត្រីបំរើការងារផ្នែកអន្តោប្រវេសន៍ ធ្វើយ៉ាងណាពង្រឹង និងបង្កើនប្រសិទ្ធភាពការងារគ្រប់គ្រងច្រកទ្វារព្រំដែនឱ្យទទួលបានប្រសិទ្ធភាពនៅពេលដែលដំណើរការនូវការបើកព្រំដែនឡើងវិញ។ពាក់ព័ន្ធនឹងប្រធានបទនេះ សម្ដេចក្រឡាហោមក៏បានសម្ដែងនូវការអបអរសាទរចំពោះកិច្ចសហការរវាងភាគីទាំងពីរក្នុងរយៈពេលកន្លងមក។ ទន្ទឹមនេះ សម្ដេចក៏បានស្នើភាគីអូស្ត្រាលី តាមរយៈឯកឧត្តម ឯកអគ្គរាជទូតធ្វើយ៉ាងណាបង្កើនកិច្ចសហការកាន់តែជិតស្និតខ្លាំងក្លាថែមទៀតពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនដែលមានការកើនឡើងទោះបីជាពិភពលោកមានការប្រឈមនឹងជំងឺកូវីដ -១៩។ មុននឹងបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណរដ្ឋាភិបាលអូស្ត្រាលីដែលតែងតែជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលកន្លងមកទាំងលើការងារបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ និងជំនួយគាំទ្រដល់វិស័យផ្សេងៗនៅកម្ពុជា រួមទាំងកិច្ចសហប្រតិបត្តិការពង្រឹងការងារអនុវត្តច្បាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា