ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
សម្ដេចពិជ័យសេនា ទៀ បាញ់ ចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវនិងប្រព័ន្ធលូនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ 38 ខ្សែក្រុងសៀមរាបដែលគិតមកដល់ថ្ងៃទី 10 ខែវិច្ឆិកាឆ្នាំ 2021 នេះសម្រេចបាន 90 ភាគរយហើយ
Sun,14 November 2021 (Time 11:07 AM)
ដោយ ៖ រស្មីសៀមរាប090567006 (ចំនួនអ្នកអាន: 677នាក់)

កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានគណៈកម្មការអន្ដរក្រសួង អមដំណើរដោយឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មការអន្ដរក្រសួង , ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធាននៃគណៈកម្មការអន្ដរក្រសួង , ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាគណៈប្រតិភូអមដំណើរ , ក្រុមការងារនៃគណៈកម្មការអន្ដរក្រសួង , មន្ត្រីជំនាញបច្ចេកទេស និង មន្ត្រីអ្នកមុខអ្នកការក្នុងខេត្តសៀមរាប ជាច្រើនរូបទៀត បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវ ការរៀបខឿនចិញ្ចើមផ្លូវ ការអ៊ុតបេតុងកៅស៊ូ(AC) និងប្រព័ន្ធលូ នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប និងការកែលម្អសោភ័ណភាពតាមដងស្ទឹងសៀមរាប ។

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មការអន្ដរក្រសួង បានមានប្រសាសន៍ថា បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០រួចមក ហើយគិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដំណើរការស្ថាបនាផ្លូវទាំង៣៨ខ្សែ សម្រេចបាន ៨៩,៣៩ភាគរយហើលយ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅដំណាច់ឆ្នាំ២០២១នេះ។

មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានគណៈកម្មការអន្ដរក្រសួង បានថ្លែងនូវការកោតសរសើរចំពោះក្រុមការងារនៃអង្គភាពអនុវត្តគម្រោង ដែលបានអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមទាំងការរៀបចំទីតាំងនៅតាមបណ្ដោយដងស្ទឹងសៀមរាបប្រកបដោយសោភ័ណភាព ក្រោមកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសសម្តេចពិជ័យសេនា បានថ្លែងអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅផងដែរដល់ប្រជាពលរដ្ឋដែលបានចូលរួមសហការធ្វើឱ្យគម្រោងនេះ សម្រេចបានជោគជ័យដ៏ត្រចះត្រចង់។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ទៀតថា សមិទ្ធផលទាំងអស់នេះ បានកើតឡើងក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្ដម លោកជំទាវ លោក លោកស្រីជាសមាជិក សមាជិកានៃគណៈកម្មការអន្ដរក្រសួង និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណង ប្រែក្លាយក្រុង សៀមរាបនេះ ឱ្យក្លាយទៅជាទីក្រុងដ៏ទំនើប ពោរពេញដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ឱ្យសក្ដិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើន សំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ។

ជាមួយគ្នានេះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែងអំណរគុណ និងការកោតសរសើរផងដែរ ដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ដែលបានចូលរួមសហការធ្វើឱ្យគម្រោងនេះសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ ព្រមទាំងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាទ្រព្យសម្បត្តិនេះឱ្យបានគង់វង្ស ដើម្បីទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនាឆ្នាំក្រោយនេះ បន្ទាប់ប្រមុខរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញនោះ។

គួររំលឹកថា គម្រោងសាងសង់ផ្លូវហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែនេះ ត្រូវសាងសង់ឡើងដោយអង្គភាពចំនួន៦ មានប្រវែងសរុប១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩.២១៦.៥៩៥ ដុល្លារអាមេរិក ក្នុងនោះចំនួន៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ។

គម្រោងនេះ ត្រូវបានបែងចែកជាបួនប្រភេទ ក្នុងនោះ៖ ប្រភេទទី០១. ចាក់បេតុងកម្រាស់ ២៥សង់ទីម៉ែត្រ ដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ (AC)ពីលើទេ , ប្រភេទទី០២. ចាក់បេតុងកម្រាស់ ២០សង់ទីម៉ែត្រ និងកន្លែងខ្លះកម្រាស់ ៧សង់ទីម៉ែត្រ យោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន , ប្រភេទទី០៣. ជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុងហើយអ៊ុតកៅស៊ូបេតុងតែម្ដង និងប្រភេទទី០៤. អ៊ុតកៅស៊ូបេតុងកម្រាស់ ១៥សង់ទីម៉ែត្រ ពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះនៅមានភាពរឹងមាំស្រាប់ទៅហើយ ស្របតាមទំហំចរាចរណ៍ និងការដឹកទំនិញធ្ងន់ ឬស្រាល ដោយផ្ដោតជាសំខាន់លើគុណភាព និង ប្រសិទ្ធភាព ។

គម្រោងខ្សែផ្លូវទាំង៣៨ខ្សែនេះដែរ មានរៀបចំបណ្តាញលូទឹកភ្លៀង លូទឹកកខ្វក់ ប្រព័ន្ធការពារទឹកជំនន់បញ្ចៀសការជន់លិចទីក្រុង រៀបខឿនចិញ្ចើមផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវ ហើយព្រមទាំងបានគិតគូរពីទិដ្ឋភាពផ្សេងៗទៀតមានជាអាទិ៍ដូចជា៖ បណ្តាញខ្សែកាប ប្រព័ន្ធបញ្ជូនអគ្គិសនី ផ្លូវថ្មើជើង, ផ្លូវសម្រាប់ជនពិការ, ផ្លូវជិះកង់, ចំណតរថយន្ត, ផ្លាកសញ្ញានិងគំនូសសញ្ញាចរាចរណ៍, ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព, សួនច្បារ, និងការដាំដើមឈើលម្អផ្លូវជាដើម។

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
415 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3727 នាក់
ខែនេះ :
11335 នាក់
3 ខែនេះ :
32441 នាក់
សរុប :
765213 នាក់